នាយករស្មីហង្សមាស ទម្លាយពីការលាឈប់របស់ សុគន្ធ និសា ក្រោយបែកបាក់ស្នេហា
December 05, 2011 - 18:00:00
បន្ទាប់ពីផ្ទុះនូវការចែកផ្លូវរវាងតារាចម្រៀងស្រីរបស់ផលិត កម្ម រស្មីហង្សមាស នាង សុគន្ធ និសា និងអ្នកដឹកនាំសម្តែង និងនិពន្ធបទចម្រៀងលោក សុខ ជំនោរ មក នៅពេលនេះ តារាចម្រៀងសាច់សខ្ចី សុគន្ធ និសា បានសម្រេចចិត្តចាកចោលផលិតកម្មរស្មីហង្សមាសដែលធ្លាប់ជួយលើក មុខមាត់ឲ្យនាងល្បីជាផ្លូវការហើយ។ ទាក់ទិននឹងការដើរចេញរបស់តារាចម្រៀងស្រីរូបនេះ លោក អ៊ឹង សុងលាភ នាយកផលិតកម្មរស្មីហង្សមាស បានចេញមុខបកស្រាយលម្អិតជុំវិញបញ្ហាចម្បងនៃការចាកចេញនេះ។ ចំណងស្នេហ៍ធ្លាប់តែផ្អែមល្ហែមនឹងគ្នារវាងតារាចម្រៀង សុគន្ធ និសា និងកវីនិពន្ធលោក សុខ ជំនោរ រយៈពេល៧ឆ្នាំបានដើរដល់ផ្លូវបំបែកមិនអាចត្រឡប់ក្រោយកាល ប៉ុន្មានខែមុននេះ។ទាក់ទិននឹងការចែកផ្លូវគ្នាក្រោយការខិតខំកសាងជីវភាពរួម គ្នា យ៉ាងលំបាក មុននឹងមានជីវភាពថ្មីនៅថ្ងៃនេះ សុគន្ធ និសា បានទទួលស្គាល់ថា នាងជាអ្នកសុំបញ្ចប់ស្នេហាមួយនេះ ប៉ុន្មានភាពអាថ៌កំបាំងនៅក្នុងគ្រួសារគ្មានខាន់ស្លាមួយនេះ មិនត្រូវបានទម្លាយជាផ្លូវការនោះឡើយ ដោយតារាចម្រៀង សុគន្ធ និសា បានប្រាប់ត្រឹមពាក្យយ៉ាងខ្លី តែមានន័យជ្រៅថា នាងមិនអាចរស់នៅក្នុងគ្រួសារមួយដែលមានសភាពដូចទឹក និងប្រេង បានទេ។ រីឯលោក សុខ ជំនោរ ក៏មិនបាននិយាយអ្វីក្បោះក្បាយដែរ ដោយលោកគ្រាន់តែប្រាប់ថា សុគន្ធ និសា ជាអ្នកបោះបង់ចោលស្នេហារបស់លោក។
ក្រោយរឿងរ៉ាវស្នេហាក្នុងទ្រនំហង្សមាសតែមួយត្រូវបានបញ្ចប់ នៅពេលនេះ តារាចម្រៀងម្ចាស់បទ«កំដរបងយំមុនពេលបែក» បានសម្រេចចិត្តដើរចេញពីផលិតធំដែលជាទ្រនំដ៏សុខសាន្តរស្មីហង្ស មាសជាផ្លូវការហើយ ដែលហេតុផលត្រូវបានគេមើលឃើញថា ដោយសារតែនាងមិនអាចប្រឈមមុខជាមួយអតីតគូស្នេហ៍លោក សុខ ជំនោរ បាន។
ពាក់ព័ន្ធនឹងការដើរចេញរបស់តារាចម្រៀងរូបនេះ លោក អ៊ឹង សុងលាភ នាយកគ្រប់គ្រងផលិតកម្មរស្មីហង្សមាសបានឲ្យដឹងថា តារាចម្រៀង សុគន្ធ និសា បានដាក់ពាក្យលាឈប់ពីផលិតកម្មរស្មីហង្សមាសកាលពីខែវិច្ឆិកា ឥឡូវនាងឈប់ជាផ្លូវការហើយ។
លោកមានប្រសាសន៍ថា៖ «បាទ! និសា គាត់ពិតជាបានឈប់ពីហង្សមាសហើយ គឺគាត់បានឈប់កាលពីខែមុននេះ»។
ជាមួយគ្នានឹងហេតុផលម្អិតជុំវិញការសម្រេចចិត្តចាកចេញពីរស្មី ហង្សមាសរបស់ សុគន្ធ និសា នេះ លោក អ៊ឹង សុងលាភ បានឲ្យដឹងថា ការលាឈប់របស់ សុគន្ធ និសា នេះ គឺមានការពាក់ព័ន្ធនឹងកត្តា២យ៉ាង ទី១ គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១នេះ នាងត្រូវផុតកុងត្រាការងារជាមួយហង្សមាស ហើយមួយទៀតដែលសំខាន់នោះ គឺមានការទាក់ទងទៅនឹងអារម្មណ៍របស់សុគន្ធ និសា ដែលកំពុងប្រឈមនឹងការបែកបាក់ស្នេហាជាមួយនឹងលោក សុខ ជំនោរ។
លោកបានប្រាប់ថា៖ «អារឿងគាត់ឈប់ហ្នឹង ការងារហ្នឹង គឺវាមានការពាក់ព័ន្ធគ្នានឹងរឿងកុងត្រាមួយ គឺនាងត្រូវផុតកុងត្រាជាមួយនឹងហង្សមាសកាលពីខែវិច្ឆិកា ហើយគាត់សម្រេចចិត្តថាមិនចង់បន្ត ព្រោះនោះប្រហែលជាវាមានការពាក់ព័ន្ធនឹងរឿងមួយទៀតគឺផ្លូវ អារម្មណ៍របស់គាត់នៅពេលបច្ចុប្បន្ន»។
ជាការពិតណាស់ អ្នកណាក៏សរសើរថា ផលិតកម្មរស្មីហង្សមាស ជាផលិតកម្មធំ និងមានការគ្រប់គ្រង់ច្បាស់លាស់ ពិសេសគឺមានការបែងចែកយ៉ាងត្រឹមត្រូវរវាងការងារ និងរឿងផ្ទាល់ខ្លួន។ ដូច្នេះរឿងការបែកបាក់ស្នេហារវាង សុគន្ធ និសា និង សុខ ជំនោរ គួរតែត្រូវបានទុកមួយឡែក និងត្រូវគិតពីការងារ មិនគួរ សុគន្ធ និសា ចាកចោលទ្រនំដែលធ្លាប់តែផ្តល់សេចក្តីសុខឲ្យនាងគ្រប់ពេលនោះ។
ត្រង់ចំណុចនេះ នាយកផលិតកម្មរស្មីហង្សមាសបានឲ្យដឹងថា កន្លងមកលោកក៏ធ្លាប់បាននិយាយជាមួយ សុគន្ធ និសា ដែរ រវាងការងារ និងសេចក្តីស្នេហា គឺមានន័យថា ថ្វីដ្បិតតែពួកគេបានបែកគ្នាមែន ក៏ប៉ុន្តែខាងក្រុមហ៊ុនគឺចង់ឲ្យពួកគេនៅតែរក្សាការបន្តការងារ ដដែល ការងារផ្សេង ស្នេហាផ្សេង មិនចង់ឲ្យ សុគន្ធ និសា ឈប់នោះទេ។ លោកបានបន្តថា ឥឡូវហ្នឹង នាងមានបញ្ហាខាងអារម្មណ៍ផ្លូវចិត្ត ដូច្នេះឲ្យនាងសម្រាកសិនទៅ តែបើតារាចម្រៀងរូបនេះ នាងគិតច្បាស់លាស់ហើយចាំគិតទៀត។
លោក អ៊ឹង សុងលាភ បានមានប្រសាសន៍ថា៖«ខ្ញុំធ្លាប់និយាយជាមួយ និសា ពីរឿងនេះ ខ្ញុំថា ការងារផ្សេង ស្នេហាផ្សេង តែដូចដឹងស្រាប់ហើយថា ឥឡូវហ្នឹងអារម្មណ៍គាត់មិនល្អ គាត់មានបញ្ហាផ្នែកអារម្មណ៍ មិនជ្រះស្រឡះទេ។ អ៊ីចឹងឲ្យគាត់សម្រាកសិនទៅ តែបើគាត់គិតថា បានល្អប្រសើរវិញហើយចង់ធ្វើការវិញ ក៏មកធ្វើវិញទៅ»។
ទោះបីជា សុគន្ធ និសា បានលាឈប់ជាផ្លូវការក្តី ប៉ុន្តែនាយកគ្រប់គ្រងផលិតកម្មរស្មីហង្សមាសលោក អឹុង សុខលាភ បានបញ្ជាក់ឲ្យដឹងថា ការសម្រេចចិត្តចាកចេញរបស់នាងមិនមានផលប៉ះពាល់អ្វីដល់ក្រុម ហ៊ុនរបស់លោកនោះទេ ហើយការជ្រើសរើសតារាចម្រៀងថ្មីៗបន្ថែមក៏មិនមែនបណ្តាលមកពីការ ចាកចេញរបស់តារាចម្រៀង សុគន្ធ និសា ដែរ។ ផ្ទុយទៅវិញនោះជាគោលការណ៍របស់ក្រុមហ៊ុនដែលមានជាយូរមកហើយ។
លោកបានឲ្យដឹងបន្ថែមថា នៅពេលខាងមុខនេះ រស្មីហង្សមាស នឹងមានការរៀបចំនូវកម្មវិធីថ្មីៗ ប្លែកៗសម្រាប់តារារបស់ខ្លួនទាំងអស់ ហើយសង្ឃឹមថា ភាពស្រស់ថ្មីប្លែកទាំងនោះនឹងក្លាយជាចំណីអារម្មណ៍ដល់ទស្សនិកជន ដែលធ្លាប់គាំទ្រជាក់ជាមិនខាន។
បន្ទាប់ពីបានដឹងច្បាស់១០០ភាគរយថា តារារូបនេះពិតជាហោះចោលទ្រនំរស្មីហង្សមាសហើយនោះ មានការលើកឡើងនូវសំណួរជាច្រើនផ្សេងៗថា តើតារារូបនេះនឹងធ្វើអ្វីទៀត ហើយនាងនឹងជ្រើសរើសផលិតកម្មណាមួយធ្វើជាទ្រនំបន្ត? ទាក់ទិននឹងចម្ងល់ទាំងនេះ មិនទាន់មានការឆ្លងបំភ្លឺពី សុគន្ធ និសា នៅឡើយទេ។ តែបើតាមមាត់ចាបមាត់ព្រាបបានឲ្យដឹងថា ផលិតកម្មថោន (Town) ជាជម្រើសបន្តរបស់នាង៕
ប្រភព៖ ភ្នំពេញប៉ុស្តិ័
0 comments:
Post a Comment