Tuesday, 20 December 2011

ឆៃ លីដាឡែន ស្លៀកពាក់ បង្ហាញសាច់ទ្រូង ភ្លេចប្រពៃណីខ្មែរ លើទឹកដីអាមេរិក

ឆៃ លីដាឡែន ស្លៀកពាក់ បង្ហាញសាច់ទ្រូង ភ្លេចប្រពៃណីខ្មែរ លើទឹកដីអាមេរិក

Tuesday, 20 December 2011 13:31 ដោយៈ ហួន ស្រីលីន

ភ្នំពេញៈ បើទោះបីជាមានមហាជនជាច្រើន ធ្លាប់ធ្វើ ការរិះគន់យ៉ាងចាស់ដៃទៅលើតារាចម្រៀង ឆៃ លីដាឡែន ដែលជារឿយៗ តែងតែបង្ហោះរូបថតស្រើបស្រាល ស៊ិចស៊ីមិនស័ក្តសម ប្រពៃណីខ្មែររួចមក កញ្ញា ឆៃ លីដាឡែន ហាក់ដូចជាមិនខ្វាយខ្វល់ ចំពោះការរិះគន់ទេ ព្រោះតារារូបនេះគិតថា ភាពស៊ិចស៊ី ជាជីវិតសិល្បៈរបស់នាង ដោយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១នេះ នាងបានបង្ហោះរូបថតថ្មី ដែលកាន់តែមានភាពស៊ិចស៊ីជាងមុនទៅទៀត។
តារាចម្រៀងរូបស្រស់ឆើតឆាយ ដែលជារឿយៗតែងតែស្លៀកពាក់បង្ហាញ ភាពស៊ិចស៊ី និងបង្ហាញនូវអារម្មណ៍ស្រើបស្រាល ត្រូវមហាជនជាច្រើន មិនពេញចិត្តចំពោះ ការរៀបចំខ្លួន របស់នាងដោយសារថា ភាពជាអ្នកសិល្បៈ គឺជាអ្នកតំណាងឲ្យវប្បធម៌ ដ៏ត្រចះត្រចង់របស់ខ្មែរ ហើយម្យ៉ាងវិញទៀត ពេលដែលកញ្ញា ចេញទៅសម្តែងនៅក្រៅប្រទេសគួរតែពាំនាំ និងប្រកាន់ខ្ជាប់ នូវប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែកញ្ញា ដាឡែន បែរជាភ្លេចប្រពៃណីខ្មែរបែរទៅ ជាស្លៀកពាក់ តាមបរទេស ស៊ិចស៊ីបញ្ចេញល្វែងខាងលើស្ទើរតែទាំងអស់។
អ្នកនិយមលេងបណ្តាញ់ទំនាក់ទំនងហ្វេសបុកជាច្រើន បានចោទជាសំណួរថា តើ ឆៃ លីដាឡែន ភ្លេចវប្បធម៌ខ្មែរហើយឬ? តើតារារូបនេះ យកភាពស៊ិចស៊ីរបស់ខ្លួន ជាដើមទន់ ដើម្បីសាងភាព ល្បីល្បាញក្នុងពិភពសិល្បៈ ឬយ៉ាងណា? ។
នៅលើគេហទំព័រហ្វេសបុករបស់កញ្ញា ឆៃ លីដាឡែន ត្រូវបានគេឃើញរូបភាព លេចចេញចន្លោះដើមទ្រូងដែលគួរឲ្យស្រើបស្រាល ដល់បុរសជាច្រើននាក់ នៅពេលដែលកញ្ញា ទៅសម្តែងនៅឯសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ នាងបានតុបតែងខ្លួនដោយស្លៀករ៉ូបខ្លីត្រឹមភ្លៅ ពណ៌ស ដែលមានគ្រប់ដោយស្បៃស្តើង មើលឃើញសាច់សរខ្ចី បង្ហាញល្វែងដើមទ្រូង ស្ទើរតែទាំងស្រុង។
ជុំវិញការតុបតែងខ្លួន បែបស៊ិចស៊ីហួសហេតុ របស់តារាវ័យ២៨ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រ នៅក្នុងហ្វេសបុករបស់នាង បានឃើញហើយលើកឡើងថា ហេតុអីបានជានាងចូលចិត្តស្លៀក ពាក់បែបស្រើបស្រាលបញ្ចេញនេះ បញ្ចេញនោះ ឬក៏ការតុបតែងខ្លួនរបស់នាង បែបនេះ ដោយសារតែចង់បានការទាក់ទាញ និងបង្កើនប្រជាប្រិយភាពរបស់ខ្លូន។
ក្នុងនាមជាតារាដែលមានប្រជាប្រិយមួយរូបគួរណាតែជួយថែរក្សា ប្រពៃណីខ្មែរ ដើម្បីធ្វើជាគំរូល្អ ឲ្យក្មេងៗជំនាន់ក្រោយអាចនឹងយកជាគំរូ ហើយក្នុងនាមនាង ជាតារាស្ត្រីខ្មែរមួយរូប មិនគួរថតរូបស៊ិចស៊ី ដែលធ្វើឲ្យវប្បធម៌ខ្មែរធ្លាក់ចុះនោះទេ និងបង្ហាញជាសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរ និងវប្បធម៌ខ្មែរនោះទេ ព្រោះខ្លួននាងជាតារាគួរតែធ្វើអ្វី ដែលជាគំរូរល្អៗ សម្រាប់សង្គមជាតិ ជាពិសេសគឺយុវវ័យជំនាន់ក្រោយ។
បន្ទាប់ពីមានការរិះគន់ធ្ងន់ៗពីប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈ កញ្ញា ឆៃ លីដាឡែន បានចេញមុខសូមទោស ចំពោះការថតរូប ដ៏ស៊ិចស៊ីរបស់រូបនាង។
ឆៃ លីដាឡែន បានសរសេរពាក្យសូមទោស នៅក្នុងហ្វេសប៊ុករបស់នាងថា "ខ្ញុំសូមអភ័យទោសចំពោះសម្លៀកបំពាក់ ស៊ិចស៊ីខ្លាំង ដែលធ្វើឲ្យប៉ះពាល់សតិ អារម្មណ៍លោកអ្នក... ខ្ញុំពិតជាមានការសោកស្តាយ ហើយយល់នូវកំហុសរបស់ខ្ញុំ...ខ្ញុំសង្ឃឹមថា លោកអ្នកនឹងអភ័យទោសឲ្យខ្ញុំ!!! ខ្ញុំសូមសន្យាថា នឹងមិនធ្វើបែបនេះទៀតទេ។ "
គួររំលឹកផងដែលថា នាពេលកន្លងមក កញ្ញា ឆៃ លីដាឡែន ក៏ធ្លាប់បាន បញ្ចេញរូបថតដ៏ស្រើបស្រាល បង្ហាញដើមទ្រូងដ៏ទ្រលុកទ្រលន់ ដោយស្លៀករ៉ូបស្តើង ពណ៌សាច់លាយលំ ជាមួយដំណក់ទឹក ចំនួន១២សន្លឹក នៅក្នុងគេហទំព័រ Facebook របស់នាង ដែលធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងរិះគន់ខ្លាំងៗ ទៅលើរូបថតរបស់នាងផងដែរ ប៉ុន្តែបើទោះបីជា មានការរិះគន់យ៉ាងណាក៏ដោយកញ្ញា ឆៃ លីដាឡែន ហាក់បីដូចជាមិនខ្វាយខ្វល់នឹងអ្វីដែលជាប្រពៃណី និងវប្បធម៌ល្អផូរផង់ របស់ខ្មែរនោះទេ នៅតែបន្តបញ្ចេញភាពស៊ិចស៊ីដដែល៕







ប្រភព DAP News

0 comments:

Post a Comment