Wednesday, 14 December 2011

ទឹក​អប់​តម្លៃ​ជាង​១​លាន​ដុល្លារ​ពី DKNY

 ទឹក​អប់​តម្លៃ​ជាង​១​លាន​ដុល្លារ​ពី DKNY

ញូវយ៉ក : ទឹក​អប់​តម្លៃ​ជាង​១​លាន​ដុល្លារ​ ដែល​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក ត្រូវ​បាន​បង្ហាញ​ដោយ​តារា​ម៉ូដែល​វ័យ​២១​ឆ្នាំ​នាង ឆានែល អ៊ីម៉ាន (Chanel Iman) កាល​ពី​ថ្មី​ៗ​នេះ។
តារា​ម៉ូដែល​ខោអាវ​ទ្រនាប់​រូប​នេះ​បាន​និយាយ​ថា៖ «ក្លិន​របស់​វា​គឺ​ផ្អែម​ឆ្ងាញ់ និង​ស្រទន់​បី​ដូច​ជា​មាស​អ៊ីចឹង»។
ទឹក​អប់​ដ៏​ថ្លៃ​កប់​ពពក​នេះ​គឺ​ជា​ស្នាដៃ​របស់​អ្នក​រចនា​ម៉ូដ​គ្រឿង​ អលង្ការ ​ ម៉ាទីន ខាតហ្ស (Martin Katz) ជាមួយ​នឹង​អ្នក​ច្នៃ​ម៉ូដ​របស់​ម៉ាក​ DKNY។
ដប​ទឹក​អប់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាស​លឿង និង​ស ទម្ងន់​១៤​ការ៉ាត់ ដោយ​មាន​ដៃ​ត្បូង​កម្រ​ជាង​២៩០៩​គ្រាប់​មក​ពី​ជុំ​វិញ​ពិភពលោក។ ក្នុង​នោះ រួម​មាន​ត្បូង​ពេជ្រ ២៧០០ គ្រាប់ ដែល​មាន​ទម្ងន់​សរុប​ជាង​១៥​ការ៉ាត់ និង​ត្បូង​កណ្ដៀង​ពណ៌​លឿង​១៨៣​គ្រាប់​។
ក្រុម​ការងារ​ធ្វើ​ដប ត្រូវ​ចំណាយ​ពេល​១៥០០​ម៉ោង​ដើម្បី​ផលិត​វា។
ដប​ទឹក​ទប់​តម្លៃ​ជា​១​លាន​ដុល្លារ​នេះ នឹង​បង្ហាញ​ខ្លួន​តាម​រយៈ​ការ​តាំង​ពិព័រណ៌​ជុំវិញ​ពិភពលោក មុន​ពេល​ដែល​វា​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ដេញ​ថ្លៃ​នៅ​ឆ្នាំ​២០១២។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី ការ​លក់​ទឹក​អប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​អង្គការ​អន្តរជាតិ​ធ្វើ​កិច្ចការ​លើ​មនុស្ស​ធម៌​ ប្រឆាំង​នឹង​ការ​អត់​ឃ្លាន។
នា​ខណៈ​នេះ​ផង​ដែរ អតិថិជន​ក៏​អាច​រក​ជាវ​ទឹក​អប់​នេះ​ប្រភេទ​ធូរ​ថ្លៃ​បន្តិច ជាមួយ​នឹង​ក្លិន​ផ្កា​ក្រូច ក្លិន​ផ្លែ​ប៉ោម​លឿង ក្លិន​ផ្កា​កុលាប​ស ក្លិន​ផ្កា​អ័រគីដេ​ វ៉ានីឡា និង​ក្លិន​ខ្លឹម​ចន្ទន៍​ផង​ដែរ៕

 ប្រភព  Phnom Penh Post

0 comments:

Post a Comment