ព្រាប សុវត្ថិ និង សេរីមន្ត ប៉ះគ្នានៅបាត់ដំបង
Friday, 09 December 2011 12:01មាស រ័ត្នបាត់ដំបងៈ គេកម្រនឹងប្រទះឃើញពីការប៉ះគ្នារវាងតារាចម្រៀងល្បីប្រចាំ ផលិតកម្មរស្មីហង្សមាស ព្រាប សុវត្ថិ និងតារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ ខេមរៈ សេរីមន្ត ណាស់ តែនៅល្ងាចនេះ និងថ្ងៃស្អែក (ទី៩ និង ទី១០ ខែធ្នូ) ទស្សនិកជននៅខេត្តបាត់ដំបងពិតជាបានឃើញច្បាស់មិនខានថា តើការប៉ះគ្នាដ៏កម្រលើឆាកតន្ត្រីតែមួយរវាងតារាល្បីទាំងពីរ តារារូបណានឹងទទួលបានការគាំទ្រជាងគេ?
តារាចម្រៀងមកពីផលិតកម្មពីរខុសគ្នា គឺលោកព្រាប សុវត្ថិ និង លោកខេមរ សេរីមន្ត រួមជាមួយនឹង Dj ឃ្លាំង នឹងរួមគ្នាច្រៀងជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបងបានទស្សនា កម្សាន្ត ក្នុងកម្មវិធីសប្បុរសធម៌មួយ នៅអង្គការហ្វារពន្លឺសិល្ប: ហើយថវិកាដែលប្រមូលបានពីការសម្តែងរបស់តារាទាំងនោះ នឹងត្រូវបរិច្ចាគចូលអង្គការនេះ។
អ្នកគ្រប់គ្រងកម្មវិធីបានមានប្រសាសន៍ថា៖ «គោលបំណងចម្បងនៃកម្មវិធីនេះគឺដើម្បីបង្កើតនូវកម្មវិធីរីក រាយ និង សាទរដល់សិល្បករឆ្នើមៗ។ កម្មវិធីនេះក៏សំខាន់ផងដែរ សម្រាប់យើង ដើម្បីឲ្យទស្សនិកជនដ៏ច្រើនសន្ធឹកសន្ធាប់បានស្គាល់ពីអង្គការ ហ្វារពន្លឺសិល្បៈ»។
លោក ព្រាប សុវត្ថិ ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដែលបានគ្រងតំណែង កំពូលជាង១០ឆ្នាំជាប់ៗគ្នានៅប្រទេសកម្ពុជា ហើយបើនិយាយពីការសម្តែង-ច្រៀងវិញ លោកស្ទើរឆ្អិនអស់ទៅហើយ។ ចំណែកលោកខេមរ: សេរីមន្ត វិញជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ថ្វីដ្បិតតែលោកចាប់អាជីពជាតារាចម្រៀងក្រោយលោក ព្រាប សុវត្ថិ មួយដង្ហើមធំក្តី តែប្រជាប្រិយតារារូបនេះក៏មិនចាញ់តារារាមច្បងឡើយ ហើយរយៈពេលជាច្រើនឆ្នាំនេះ សេរីមន្ត ក៏បានហក់ទៅឈរនៅកំពូលតារាងនៃកំពូលតារាល្បីនៅស្រុកខ្មែរជា ច្រើនឆ្នាំមិនដែលស្រកស្រុតដែរ។
ដូច្នេះការប៉ះគ្នារវាងកំពូលតារាចម្រៀងទាំងពីរនារាត្រីនេះ នឹងធ្វើឲ្យអ្នកបាត់ដំបងបានឃើញយ៉ាងច្បាស់ពីប្រជាប្រិយភាពរបស់ តារាទាំង ពីរ ហើយចាំសង្កេតមើលថា តើកំពូលតារារូបណាធ្វើឲ្យឆាកតន្ត្រីកក្រើកជាងគេ។
ក្រៅពីតារាចម្រៀងទាំងពីរ ក៏មានការសម្តែង តារាចម្រៀងជាច្រើនរូបផ្សេងទៀត រួមជាមួយនឹងការសម្តែងសៀក ប្រគំតន្រ្តី របាំប្រពៃណី ហ៊ីបហប និងការបង្ហាញការគូរគំនូរជាដើម។ លោកព្រាប សុវត្ថិ នឹងសម្តែងនៅល្ងាចថ្ងៃសុក្រនេះ ចំណែកលោកខេមរ: សិរីមន្តនឹងសម្តែងនៅថ្ងៃសៅរ៍ស្អែក ហើយ ពូ ឃ្លាំង តារាចម្រៀងរ៉េប ក៏នឹងមានវត្តមាននៅលើឆាកតន្ត្រីទាំងពីរយប់នោះផងដែរ។
មហោស្រពបែបមិត្តភាពនេះ នឹងធ្វើនៅទីធ្លារអង្គការហ្វារពន្លឺសិល្បៈតែម្តងដែលស្ថិតនៅ ក្នុងភូមិអញ្ចាញ ឃុំអូរចា ស្រុកបាត់ដំបង ចម្ងាយប្រមាណជាបីគីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
ដោយការសម្តែងនេះបំណងប្រមូលថវិកាជួយដល់កុមារនៅអង្គការហ្វារ ពន្លឺសិល្បៈដែលភាគច្រើនជាអតីតជនរងគ្រោះនៃពលកម្មកុមារ កុមាររើសសំរាម និង កុមារដែលងាយរងគ្រោះ។ ដូច្នេះសំបុត្រចូលទស្សនាសម្រាប់កម្មវិធីវិភាគទាននេះគឺមានតម្លៃ១ ម៉ឺនរៀលសម្រាប់ប្រជាជនខ្មែរ និង ២ម៉ឺនរៀលសម្រាប់ជនបរទេស។
កម្មវិធីសម្តែងនេះនឹងចាប់ផ្តើមពីម៉ោង៥ល្ងាចរហូតដល់ម៉ោង១១យប់៕
ប្រភព Phnom Penh Post
0 comments:
Post a Comment