ញ៉ែម សុគន្ធ ថ្ងៃភ្ជាប់ពាក្យត្រូវប៉ូលិសចាប់វាយខ្នោះរុញចូលឡាន?
ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៤:១៧
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១១ មានការភ្ញាក់ផ្អើលនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយគេឃើញនគរបាលជាច្រើនរូបបើករថយន្តចូលទៅកាន់ភូមិគ្រឹះ ដ៏ស្កឹមស្កៃមួយ ហើយចាប់វាយខ្នោះតារាភាពយន្ត និងជាពិធីករកម្មវិធីរាត្រីអស្ចារ្យនៃស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ គឺលោកញ៉ែម សុគន្ធ។
លោកញ៉ែម សុគន្ធ អតីតជាហ្វ្រេស៊ីប៊យអំឡុងឆ្នាំ២០០២-២០០៣ ហើយលោកបានក្លាយជាតារាសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្តតាំងពីពេលនោះមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ លោកញ៉ែម សុគន្ធ ទទួលបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០១១នេះ លោកសម្តែងភាពយន្តច្រើនរឿងដូចជារឿង «ឧត្តមដួងចិត្ត» ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងរឿង «កុមារី២៥ឆ្នាំ» រឿង«ម្ចាស់គំនុំ» ។ ចុងក្រោយនេះលោកកំពុងតែសម្តែងរឿងចាំថ្ងៃវិលវិញ ប៉ុន្តែត្រូវប៉ូលិសចាប់ខ្លួនវាយខ្នោះ កាលពីល្ងាចថ្ងៃទី១០ ធ្នូ ។ នៅល្ងាចនោះគេសង្កេតឃើញ លោកញ៉ែម សុគន្ធ មានទឹកមុខក្រៀមក្រំបំផុត ហើយមិននិយាយអ្វីទាំងអស់ព្រោះលោកខ្លូត រតនា ចោទប្រកាន់ថា លោកជាឃាតកសម្លាប់កូនស្រីរបស់គាត់។
ក្រោយពីប៉ូលិសចាប់វាយខ្នោះលោកញ៉ែម សុគន្ធ រុញចូលឡានរួចមក ប្រជាពលរដ្ឋនៅក្នុងភូមិមានការងឿងឆ្ងល់យ៉ាងខ្លាំងថា េហតុអ្វីបានជាគេចាប់លោក? ដោយសារចង់ដឹងពីហេតុការណ៍នោះ នៅរសៀលថ្ងៃទី១២ ធ្នូ ឆ្នាំ២០១១ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅសួរលោកញ៉ែម សុគន្ធ ហើយលោកឆ្លើយថា ជាការពិតណាស់ថា កាលពីល្ងាចថ្ងៃទី១០ ធ្នូ ឆ្នាំ២០១១ នគរបាលចាប់ក្រៀក និងវាយខ្នោះលោកមែន តែនោះគ្រាន់តែជាឈុតឆាកសម្តែងក្នុងរឿង «ចាំថ្ងៃវិលវិញ»របស់ផលិតកម្មខ្មែររចនា ដែលមានលោកលឹម សាខន ជាអ្នកដឹកនាំរឿង និងលោកទេព សុខជា ចាងហ្វាងផលិតកម្មប៉ុណ្ណោះ។
លោកញ៉ែម សុគន្ធ បញ្ជាក់ថា ការសម្តែងថ្ងៃនោះ គឺត្រង់ឈុតលោកខ្លូត រតនា ចោទលោកថា ជាឃាតកសម្លាប់កូនស្រីគាត់ គឺកញ្ញាសារាយព្រះកាយច័ន្ទទើបប៉ូលិសចាប់ខ្លួនលោក ៕
ប្រភព កោះសន្តិភាព
0 comments:
Post a Comment