Wednesday, 14 December 2011

ឌួង ហ្សូរីដា បញ្ជាក់​ពី​ការ​សង់​ផ្ទះ​វីឡា​ថ្មី




ឌួង ហ្សូរីដា បញ្ជាក់​ពី​ការ​សង់​ផ្ទះ​វីឡា​ថ្មី

 Tuesday, 13 December 2011 12:03 សេត គឹមសឿន

ភ្នំពេញៈ ដោយ​សារ​តែ​ពិធី​ការិនី​លេច​ធ្លោ​នាង ឌួង ហ្សូរីដា ធ្លាប់​ប្រាប់​ថា នាង​មាន​ចំណង​ស្នេហ៍​ជាមួយ​បុរស​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​រដ្ឋ​ ហើយ​អស់​រយៈ​ពេល​ជា​យូរ​នៅ​តែ​មិន​ឃើញ​នាង​លេច​ចេញ​នូវ​ការ​ភ្ជាប់​ពាក្យ​ ឬ​មង្គល​ការ​នោះ មាន​សារព័ត៌​មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា តារា​រូប​នេះ​អាច​នឹង​ចូល​រោង​ការ​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ ខណៈ​ដែល​នាង​កំពុង​រួម​គ្នា​ជាមួយ​គូ​ស្នេហ៍​សាង​សង់​វីឡា​​ថ្មី​។ ប៉ុន្តែ​នៅ​ពេល​ដែល​ជួប​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍​ តារា​រូប​នេះ​បាន​បញ្ជាក់​ថា នាង​មិន​បាន​បុក​គ្រឹះ​សាង​​សង់​វីឡា​ដូច​ការ​លើក​ឡើង​នោះ​ទេ​។ នាង​បាន​និយាយ​ថា ការ​ចុះ​ផ្សាយ​ទាំង​នោះ មាន​ការ​បំផ្លើស​ជ្រុល​ពេក​។
កន្លង​មក​នេះ មាន​សារ​ព័ត៌​មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ពិធី​ការិនី​លេច​ធ្លោ​នាង ឌួង ហ្សូរីដា និង​គូ​ស្នេហ៍ បាន​ចាប់​ផ្តើម​សាង​សង់​វីឡា​មួយ​កន្លែង​នៅ​ឯ​ជាយ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ជា​ជម្រក​រស់​នៅ​រួម​គ្នា​នៅ​ពេល​អនាគត​។ ជាមួយ​គ្នា​នោះ សារ​ព័ត៌​មាន​ទាំង​នោះ​ ថែម​ទាំង​បាន​ដក​ស្រង់​នូវ​សម្តី​របស់​នាង​ផង​ដែរ​។
ក្នុង​សារព័ត៌​មាន​មួយ​បាន​ដក​ស្រង់​សម្តី​នាង​ថា៖«​ពេល​នេះ ទើប​ចាប់​ផ្តើម​បុក​គ្រឹះ​។ ផ្ទះ​ហ្នឹង សម​ល្មម​សម្រាប់​ប្តី​ប្រពន្ធ កូន​២-៣​នាក់​រស់​នៅ​។ វា​មាន​លក្ខណៈ​ជា​ដី​ឡូត៍​នៅ​ជាយ​ក្រុង​បន្តិច​»។
នៅ​ក្នុង​សារព័ត៌​មាន​ដដែល​បាន​ដក​ស្រង់​សម្តី​របស់​នាង​បន្ត​ថា៖​«​ថ្លៃ ​ សាង​សង់ ទុក​ឱ្យ​គាត់​ជា​អ្នក​រ៉ាប់​រង​ចុះ ព្រោះ​គាត់​ធូរ​ធារ​ជាង​ខ្ញុំ។ ចំណែក​ខ្ញុំ​គ្រាន់​តែ​ជួយ​ជា​គំនិត​ថា យើង​ចង់​បាន​របៀប​ម៉េច ទៅ​បាន​ហើយ ដូច​ជា កន្លែង​ណា​ត្រូវ​ដាក់​របស់​អ្វី ហើយ​ត្រូវ​តុប​តែង យ៉ាង​ម៉េច ជា​ដើម»។ ប៉ុន្តែ ឌួង ហ្សូរីដា មិន​ដឹង​ទេ​ថា គូ​ស្នេហ៍​នាង បាន​ត្រៀម​ប្រាក់​ប៉ុន្មាន​ម៉ឺន​ដុល្លារ សម្រាប់​ការ​សាង​សង់​នេះ។
នៅ​ក្នុង​ការ​ដក​ស្រង់​សម្តី​ជា​បន្ត​បន្ទាប់​នេះ តារា​ដែល​កំពុង​មាន​ភាព​មមា​ញឹក​នៅ​ក្នុង​វិស័យ​សិល្បៈ​ស្ទើរ​គ្មាន​ពេល​ វេលា​សម្រាក​ ឌួង ហ្សូរីដា បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​ទាំង​នោះ​ជា​ការ​និយាយ​បំផ្លើស​ជ្រុល​ពេក​។ នាង​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​រូប​ថត​របស់​នាង​នៅ​ក្នុង​ហ្វេស​ប៊ុក ឃើញ​នាង​ដាំ​ផ្កា និង​មាន​សកម្ម​ភាព​នៅ​ក្នុង​ផ្ទះ​មួយ​របស់​មិត​ភក្តិ​របស់​នាង​ ដូច្នេះ​ប្រហែល​ជា​គេ​មាន​ការ​យល់​ច្រឡំ​។
ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រូប​នេះ​បាន​បន្ត​ ថា តាម​ពិត​នាង​មិន​បាន​បុក​គ្រឹះ​សាង​សង់​ផ្ទះ​វីឡា​ដូច​ជា​ការ​លើក​ឡើង​នោះ ទេ​។
តារា​ដែល​មាន​ប្រភព​មក​ពី​នារី​អាកាស​ចរណ៍​ម្នាក់​នេះ បាន​និយាយ​ថា៖​«​ ទេ! ព័ត៌​មាន​ទាំង​នោះ ហាក់​ដូច​ជា​បំផ្លើស​ជ្រុល​ពេក នោះ​ប្រហែល​ជា​គេ​មាន​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ ព្រោះ​គេ​បាន​ឃើញ​សកម្ម​ភាព​ខ្ញុំ​នៅ​ក្នុង​ហ្វេស​ប៊ុក​»។ នាង​បាន​បញ្ជាក់​ថា៖«​​មិន​ដូច​គេ​និយាយ​ទេ ខ្ញុំ​មិន​បាន​សាង​សង់​ផ្ទះ​អី​ផង​ហ្នឹង​»។
ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​ពិត​ជា​មាន​ដី​ធ្លី​ច្រើន​គួរ​សម ប៉ុន្តែ​នាង​មិន​បាន​សាង​សង់​ផ្ទះ​អ្វី​នោះ​ទេ។ នាង​បាន​និយាយ​ថា៖​ «​ម្តាយ​ខ្ញុំ​ គាត់​មាន​ដី​ធ្លី​ច្រើន​កាល​ពី​ក្នុង​អំឡុង​ពេល​គេ​ផ្អើល​ទិញ​ដី ហើយ​ខ្ញុំ​ក៏​បាន​ទិញ​ខ្លះ​ដែរ តែ​នាង​ខ្ញុំ​ពិត​ជា​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​និយាយ​នោះ​ទេ​»។
ការ​បក​ស្រាយ​របស់​តារា​រូប​នេះ ហាក់​ដូច​ជា​កាន់​តែ​នាំ​ឲ្យ​មាន​មន្ទិល​ថែម​ទៀត​ជុំវិញ​ការ​បោះ​ជំហាន​ឈាន ​ទៅ​រក​ចំណុច​នៃ​ជីវិត​អាពាហ៍​ពិពាហ៍​ ដែល​គេ​តែង​ដាក់​ការ​សង្ស័យ​ថា នាង​នឹង​អាច​ឈាន​ដល់​ការ​រៀប​អាពាហ៍​ពិពាហ៍​ដ៏​ឆាប់​ខាង​មុខ​។ នៅ​ពេល​ដែល​បាន​ឮ​ថា តារា​រូប​នេះ​កំពុង​បុក​គ្រឹះ​សាង​សង់​វីឡា​នោះ ទស្សនិកជន​បាន​និយាយ​ថា តារា​រូប​នេះ​អាច​នឹង​ឈាន​ដល់​គម្រោង​អាពាហ៍​ពិពាហ៍​នៅ​ក្រោយ​ពេល​ដែល​ពួក​ គេ​សាង​សង់​ផ្ទះ​វីឡា​នោះ​ហើយ​រួច​រាល់​។ ប៉ុន្តែ​នៅ​ពេល​នេះ នាង​បដិសេធ​ទាំង​ស្រុង​ថា នាង​មិន​បាន​សង់​វីឡា​អី​នោះ​ទេ។​ នោះ​មាន​ន័យ​ថា អាពាហ៍​ពិពាហ៍​របស់​នាង​ក៏​នឹង​មិន​អាច​ឈាន​មក​ដល់​ភ្លាម​ៗ​នោះ​ដែរ​។
នៅ​ពេល​ចោទ​សួរ​ជុំវិញ​បញ្ហា​គូ​ស្រករ​បែប​នេះ នាង​បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​ការ​ពេល​វេលា​បន្តិច​សិន ព្រោះ​នាង​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​នេះ។ ទាក់​ទិន​ព័ត៌​មាន​ផ្សេង​ៗ​បាន​ចុះ​ផ្សាយ​ថា គូ​ស្នេហ៍​របស់​នាង​ជា​អ្នក​រ៉ាប់​រង​រាល់​ការ​ចំណាយ​ទៅ​ការ​សាង​សង់​វីឡា​ នោះ នាង​បាន​បក​ស្រាយ​ថា​ នាង​មិន​បាន​និយាយ​បែប​នោះ​ទេ។
ហ្សូរីដា បាន​និយាយ​ថា៖«​ពេល​នោះ ខ្ញុំ​បាន​និយាយ​ថា បើ​ខ្ញុំ​សម្រេច​ចិត្ត​រៀប​ការ​មែន ខ្ញុំ​ត្រូវ​ការ​អ្នក​ដែល​គ្រាន់​បើ​ម្នាក់ និយាយ​ទៅ​យ៉ាង​ហោច​ណាស់​ ក៏​គេ​មាន​ផ្ទះ ​មាន​ដី និង​របស់​របរ​មួយ​ចំនួន​ដែរ ព្រោះ​ខ្ញុំ​អត់​មាន​អ្វី​ទេ។ បើ​ខ្ញុំ​រៀប​ការ​មែន​នោះ ខ្ញុំ​ត្រូវ​រយាល​ពី​សិល្បៈ អ៊ីចឹង​បុរស​នោះ ត្រូវ​តែ​មាន​កញ្ចប់​ថវិកា​សម្រាប់​ចិញ្ចឹម​ខ្ញុំ ព្រោះ​ធម្មតា​ស្ត្រី​ខ្មែរ ទោះ​បី​យ៉ាង​ណា ត្រូវ​ពឹង​លើ​ប្តី​ច្រើន​»។
ទោះ​បី​ជា​ត្រូវ​គិត​ពី​គូ​ស្រករ​ ក៏​តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​មិន​មាន​គម្រោង​ភ្ជាប់​ពាក្យ​នោះ​ទេ ព្រោះ​​នាំ​ឲ្យ​ចំណាយ​ពេល​ច្រើន។ ហ្សូរីដា​បញ្ជាក់​ថា ក្រោយ​ពេល​នាង​បាន​ធូរ​ស្បើយ​ពី​ការងារ​បន្តិច ឬ​ក៏​ប្អូន​ស្រី​​នាង​អាច​ទទួល​យក​ការងារ​ពី​នាង​បាន​ នោះ​ហើយ​ជា​ពេល​វេលា​ដែល​នាង​ត្រូវ​គិត​ពី​ការ​រៀប​ការ​៕

 ប្រភព  Phnom Penh Post

0 comments:

Post a Comment