Monday, 19 December 2011

រត់​បាត​ជើង​ទទេ​ ល្អ​ចំពោះ​សុខភាព​ជាង​ការ​រត់​ពាក់​ស្បែក​ជើង?

រត់​បាត​ជើង​ទទេ​ ល្អ​ចំពោះ​សុខភាព​ជាង​ការ​រត់​ពាក់​ស្បែក​ជើង?

Tuesday, 13 December 2011 12:02

ក្រុង​ឡុងដ៍ : ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Nature បាន​ឲ្យ​ដឹង​ថា ការ​រត់​ដោយ​ឥត​ពាក់​ស្បែក​ជើង អាច​ធ្វើ​ឲ្យ​មនុស្ស​ទទួល​បាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ល្អ​ប្រសើរ​ជាង​ ការ​រត់​ពាក់​ស្បែក​ជើង។
លោក ដានីញែល លីប៊ើមេន (Da-niel Lieberman) មក​ពី​សាកល​វិទ្យាល័យ​ហាវើដ បាន​ឲ្យ​ដឹង​ថា បុព្វ​បុរស​កាល​ពី​យុគសម័យ​ដើម បាន​ដើរ រត់​ប្រមាញ់​សត្វ​អស់​រាប់​លាន​ឆ្នាំ​មក​ហើយ។ ពួក​គេ​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​កម្លាំង​សង្កត់​នៃ​បាត​ជើង​ទៅ​នឹង​ដី បាន​យ៉ាង​ល្អ​ប្រសើរ​។
លោក លីប៊ើមេន និង​សហការី បាន​រក​ឃើញ​ថា អ្នក​ដែល​រត់​បាត​ជើង​ទទេ ភាគ​ច្រើន​តែ​សង្កត់​ផ្នែក​ខាង​មុខ​នៃ​ជើង មុន​ពេល​ទម្លាក់​កែង​ជើង​ឲ្យ​ដល់​ដី រីឯ​អ្នក​ដែល​ពាក់​ស្បែក​ជើង​រត់​ទំនង​ជា​ទម្លាក់​កែង​ជើង​ប៉ះ​ដី​មុន​ទៅ​ វិញ។
ការ​វិភាគ​ជា​ច្រើន​វគ្គ បាន​រក​ឃើញ​ថា ថ្វី​ដ្បិត​តែ​ក្នុង​ស្ថានភាព​ដី​រឹង​ក្ដី ក៏​អ្នក​ដែល​រត់​បាត​ជើង​ទទេ អាច​ធ្វើ​សកម្មភាព​ត្រឹម​ត្រូវ​ល្អ​ជាង អ្នក​ដែល​ពាក់​ស្បែក​ជើង​ដែរ។
ទន្ទឹម​នឹង​នោះ អ្នក​ដែល​ឥត​ពាក់​ស្បែក​ជើង​ក៏​បាន​បង្ហាញ​នូវ​ចលនា​ជំហាន​រត់​មាំមួន និង​ប្រើប្រាស់​សាច់​ដុំ​ផ្លូវ និង​កំភួន​ជើង​យ៉ាង​ត្រឹមត្រូវ​ ជាង​អ្នក​ដែល​ពាក់ស្បែក​ជើង​រត់​កីឡា​ផង​ដែរ។
ជាក់​ស្ដែង លោក ដានីញែល ហូវែល (Daniel Howell) ដែល​ជា​សិស្ស​របស់​លោក ដានីញែល លីប៊ើមេន ក៏​ជា​អ្នក​កីឡាករ​សកម្ម​មួយ​រូប​ ដែល​មិន​និយម​ពាក់​ស្បែក​ជើង​ផង​ដែរ។
លោក​ធ្លាប់​បាន​រត់​អស់​រាប់​សិប​គីឡូម៉ែត្រ ក្នុង​ស្ថានភាព​ផ្លូវ​លំបាក​ និង​ធាតុ​អាកាស​គ្រប់​សណ្ឋាន​ដោយ​ឥត​ពាក់ស្បែក​ជើង​ឡើយ។
លោក ដានីញែល ហូវែល ដែល​ជា​វេជ្ជបណ្ឌិត​មួយ​រូប ប្ដូរ​ផ្ដាច់​ស្រឡាញ់​ធម្មជាតិ បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​យើង​ប្រើប្រាស់​វត្ថុ​ជំនួយ (ស្បែកជើង) វា​នឹង​ផ្លាស់​ប្ដូរ​ដំណើរ ជំហាន និង​ចលនា​របស់​អ្នក ហើយ​ការ​ផ្លាស់​ប្ដូរ​ខុស​ពី​ធម្មជាតិ​នេះ​ហើយ ដែល​អាច​ហុច​ផល​អវិជ្ជមាន​ដល់​អ្នក​ដោយ​មិន​ដឹង​ខ្លួន»៕

ប្រភព​ ភ្នំពេញប៉ុស្ត

0 comments:

Post a Comment