Wednesday, 14 December 2011

Ford Ranger បច្ចេក​វិទ្យា​ទំនើប​បំផុត​នឹង​ចេញ​លក់​លើ​ទីផ្សារ​ពិភព​លោក

Ford Ranger បច្ចេក​វិទ្យា​ទំនើប​បំផុត​នឹង​ចេញ​លក់​លើ​ទីផ្សារ​ពិភព​លោក

ថៃ(ឈៀង​រៃ): រថយន្ត Ford Ranger ស៊េរី​ថ្មី​សន្លាង​នឹង​មក​ដល់​ទីផ្សារ​ពិភព​លោក និង​កម្ពុជា​នៅ​ខែ​ក្រោយ​នេះ។ រថយន្ត​នេះ​ត្រូវ​ផលិត​ឡើង​ដោយ​មាន​ការ​លាយ​បញ្ចូល​គ្នា​នូវ​ភាព​រឹង​មាំ និង​សមត្ថភាព​នៃ​រថយន្ត​ប្រភេទ pickup (រថយន្ត​ដឹក​ទំនិញ​ធុន​តូច) ក្រោម​បច្ចេក​វិទ្យា​ដ៏​ឆ្លាត​វៃ ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ល្អ​ឥត​ខ្ចោះ សន្សំ​សំចៃ​ប្រេង និង​កម្រិត​ស្តង់ដារ​នៃ​គុណភាព​ខ្ពស់ និង​ផា​សុកភាព​។
រថយន្ត​ម៉ាក Ranger នឹង​លេច​ចេញ​នូវ​ការ​រចនា​ចំនួន​បី​ប្រភេទ​ដូច​ជា​ Double (ទ្វារ​ពីរ) Open (ទ្វារ​ចំហ ឬ ​បើក​សង​ខាង) និង Single (ទ្វារ​មួយ) រួម​ជា​មួយ​នឹង​ការ​បំពាក់​ដោយ​ឧបករណ៍​ប្រតិបត្តិការ​លក្ខណៈ​ពិសេស​។ រាល់​រថយន្ត​ទាំង​បី​ប្រភេទ​នេះ​សុទ្ធ​សឹង​មាន​កន្លែង​អង្គុយ​ដ៏​ធំ​ទូលាយ​ ក្នុង​ផ្នែក​ខាង​ក្នុង​។
រថយន្ត​ប្រភេទ pickup នេះ ក៏​នឹង​ផ្តល់​ជូន​នូវ​ប្រភេទ ៤x២ និង ៤x៤ ផង​ដែរ ហើយ​កម្ពស់​នៃ​រថយន្ត​មាន​ចំនួន​ពីរ​ប្រភេទ​រួម​ជា​មួយ​នឹង​ប្រភេទ ៤x២ Hi-Rider ដែល​មាន​តួ​រថយន្ត​ដូច​គ្នា​ទៅ​នឹង​ប្រភេទ ៤x៤ ដែរ​។
អស់​រយៈ​ពេល​ស្ទើរ​២០​ឆ្នាំ​ រថយន្ត Ranger បាន​ក្លាយ​ជា​រថយន្ត​មួយ​ប្រភេទ​ក្នុង​ចំណោម​រថយន្ត​ប្រភេទ pickup ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​ទូទាំង​ពិភព​លោក​របស់​ក្រុម​ហ៊ុន Ford ដោយ​ផ្តល់​ជូន​ដល់​អតិថិជន​រាប់​លាន​នាក់​ជា​មួយ​នឹង​សមត្ថ​ភាព​នៃ​ប្រភេទ​ រថយន្ត Ford Tough Truck​។ ក្រោយ​ពី​ឆ្លង​កាត់​ការ​ផលិត​តាម​រយៈ​កម្មវិធី​អភិវឌ្ឍ​ដ៏​ទូលំ​ទូលាយ រាល់​ការ​ផលិត​ថ្មី​របស់ Ranger បាន​ផលិត​ឡើង​ដោយ​ផ្អែក​ទៅ​លើ​កេរិ៍្ត​ឈ្មោះ​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្ហាញ​គំនិត​ច្នៃប្រឌិត​ឆ្ពោះ​ ទៅ​មុខ​។
លោក Joe Hinrichs ប្រធាន​ក្រុម​ហ៊ុន Ford Asia Pacific and Africa (APA) បាន​មាន​ប្រសាសន៍​ថា៖ «គ្រប់​ផលិត​ផល​ថ្មី​របស់​រថយន្ត​ម៉ាក Ranger នេះ គឺជា​រថយន្ត​ប្រភេទ pickup ទី​១​ដែល​ត្រូវ​បាន​រចនា​ឡើង​ក្រោម​យុទ្ធ​សាស្ត្រ One Ford ហើយ​ផ្តល់​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​ពី​អ្នក​ជំនាញ​ផ្នែក​វិស្វកម្ម​របស់ ​ក្រុមហ៊ុន Ford ទូទាំង​ពិភព​លោក​។ នេះ​អាច​ផ្តល់​ឲ្យ​អតិថិជន​ជុំ​វិញ​ពិភព​លោក​ជា​មួយ​គុណ​ភាព ឥទ្ធិ​ពល​នៃ​ការ​ប្រើ​ប្រាស់​ប្រេង រួម​ជាមួយ​នឹង​បច្ចេក​វិទ្យា​ដ៏​ឆ្លាត​វៃ និង​សុវត្ថិ​ភាព​ក្នុង​រថយន្ត​តែ​មួយ​»។
អភិវឌ្ឍ​ដើម្បី​ពិភព​លោក
ការ​រចនា និង​ការ​អភិវឌ្ឍ ដោយ​ក្រុម​ហ៊ុន​មេ​ក្នុង​ប្រទេស​អូស្ត្រាលី រថយន្ត​ម៉ាក Ranger បាន​ផ្តល់​នូវ​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ ជា​ពិសេស​កម្លាំង​ម៉ាស៊ីន​យ៉ាង​ខ្លាំង​ក្លា ដែល​ត្រូវ​បង្ហាញ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​ពាណិជ្ជកម្ម​ដ៏​រឹង​ មាំ និង​រថយន្ត​ដឹក​ទំនិញ​។
រាល់​ឧបករណ៍ និង​សម្ភារ​បរិក្ខារ​របស់ Ford Ranger គឺ​សុទ្ធ​សឹង​បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ថ្មី​ទាំង​អស់ ដូច​ជា ម៉ាស៊ីន ប្រអប់​លេខ តួ​រថយន្ត រ៉ឺស័រ ប្រព័ន្ធ​ចង្កូត ហ្វ្រាំង សាក់ស៊ី ផ្ទៃ​ខាង​ក្រៅ​ និង​ខាង​ក្នុង​របស់​រថយន្ត​ប្រភេទ​នេះ​ធ្វើ​ពី​លោហៈ​។ មិន​តែ​ប៉ុណ្ណោះ​រថយន្ត​បន្ត​បំពាក់​ជា​មួយ​នឹង​សម្ភារ​មាន​លក្ខណៈ​ពិសេស​ ថ្មី​ៗ​ជាច្រើន​សម្រាប់​សុវត្ថិភាព និង​ផាសុកភាព​ចំពោះ​អ្នក​ធ្វើ​ដំណើរ​។
លោក Jim Baumbickប្រធាន​ផ្នែក​វិស្វកម្ម និង​ផ្នែក​ការ​អភិវឌ្ឍ​ផលិត​ផល​សម្រាប់​ក្រុម Ford APA បាន​និយាយ​ថា៖ «រថយន្ត​ម៉ាក Ranger នេះ គឺ​បំពាក់​ទៅ​ដោយ​សម្ភារ​ថ្មី​ទាំង​អស់​។​ការ​អភិវឌ្ឍ​រថយន្ត Ranger ពី​ចំណុច​ចាប់​ផ្តើម​មួយ គឺ​ជា​ឱកាស​ដ៏​រំភើប​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​យើង​អាច​ធ្វើ​ការ​ប្រកួត​ ប្រជែង​យ៉ាង​ប្រកៀក​នូវ​អ្វី​ដែល​គូ​ប្រកួត​របស់​យើង​កំពុង​តែ​ធ្វើ​»។
លោក​បាន​បន្ត​ថា តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​កុំព្យូរទ័រ​ដ៏​ទំនើប​បំផុត ក្រុម​អភិវឌ្ឍន៍​រថយន្ត​នេះ​បាន​ធ្វើ​ការ​វិភាគ​ដោយ​កុំព្យូទ័រ​ប្រមាណ​ ៣០ ០០០​ដង​ទៅ​លើ​ទី​កន្លែង​ជា​ច្រើន​ដូច​ជា​ ប្រព័ន្ធ​សុវត្ថិភាព ភាព​ប្រើ​ប្រាស់​បាន​យូរ ប្រសិទ្ធភាព​នៃ​រថយន្ត ថាម​ពល និង​ថាមពល​អាកាស​របស់​រថយន្ត​អំឡុង​ពេល​ដំណើរ​ការ​ជាក់​ស្តែង​។ ជា​រួម​មក ការ​វិភាគ​ជាក់​ស្តែង​ចំនួន​៧៥០០​លើក​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ផ្នែក​ខាង​ ក្រោម​នៃ​រថយន្ត​ដើម្បី​ធានា​ឲ្យ​បាន​នូវ​រថយន្ត​ដ៏​រឹង​មាំ​មួយ និង​ការ​វិភាគ​ជាក់​ស្តែង​ច្រើន​ជាង​១០ ០០០​លើក​ទៅ​លើ​ផ្នែក​ខាង​លើ​នៃ​រថយន្ត​ដើម្បី​រៀប​ចំ​ឲ្យ​ត្រូវ​តាម​ ប្រភេទ និង​តម្រូវ​ការ​ផ្សេង​ៗ​នៃ​មុខ​ងារ​។
នៅ​ពេល​ដែល​គំរូ​ដំបូង​នៃ​រថយន្ត Ranger បាន​ផលិត​រួច​រាល់ រថ​យន្ត​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ការ​សាក​ល្បង​ទៅ​ក្នុង​ប្រទេស​ចំនួន​១៥​ ទូទាំង​ពិភព​លោក​ដើម្បី​ផ្តល់​ជូន​នូវ​រថយន្ត​មួយ​ដែល​មាន​ភាព​រឹង​មាំ​ គ្រប់​គ្រាន់​សម្រាប់​លក្ខខណ្ឌ​លំបាក​ផ្សេង​ៗ​នៃ​តំបន់​ដាច់​ស្រយាល​ក្នុង ប្រទេស​អូស្តាលី។
នៅ​ក្នុង​បទ​បង្ហាញ​ដល់​អ្នក​សារ​ព័ត៌​មាន​មក​ពី​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក​ ទាំង​អស់​លោក Jame Henderson មន្ត្រី​វិស្វករ​ក្រុម​ហ៊ុន Ford បាន​ឲ្យ​ដឹង​ថា ការ​សាក​ល្បង​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​ប្រទេស​អូស្ត្រាលី ទីក្រុង Dubai ប្រទេស​ថៃ ទ្វីប​អាមេរិក​ខាង​ជើង ប្រេស៊ីល ស៊ុយ​អែត និង​អាហ្វ្រិក​ខាង​ត្បូង រថយន្ត Ranger ត្រូវ​បាន​គេ​ដឹង​ថា វា​អាច​ធន់​ទៅ​នឹង​លក្ខខណ្ឌ​អាកាស​ធាតុ​ក្តៅ និង​ត្រជាក់ ភ្លៀង​មូសុង នីវ៉ូ​ទឹក​ខ្ពស់ តំបន់​វាល​ខ្សាច់ និង​នៅ​លើ​ផ្លូវ​មាន​ជង្ហុក​ច្រើន​។
សមត្ថ​ភាព​ដ៏​អស្ចារ្យ
រាល់​ផលិត​ផល​ថ្មី​របស់​រថយន្ត​ម៉ាក Ranger ត្រូវ​បាន​រចនា​ឡើង និង​សាក​ល្បង​ដើម្បី​ធានា​ឲ្យ​បាន​ថា​ វា​អាច​ធន់​ទៅ​នឹង​លក្ខខណ្ឌ​ដ៏​លំបាក​បំផុត​។ សមត្ថ​ភាព​របស់​វា​សម្រាប់​ការ​ដឹក​ជញ្ជូន ឆ្លង​កាត់​ទឹក និង​ឡើង​ភ្នំ គឺ​មាន​សមត្ថភាព​មិន​នឹក​ស្មាន​ដល់​។
លោក Jame Henderson និយាយ​ថា៖ «​ពិត​ណាស់ សមត្ថភាព​ឆ្លង​កាត់​ទឹក​របស់​រថយន្ត Ranger គឺ​ស្ថិត​ក្នុង​ចំណោម​មុខងារ​ដ៏​ល្អ​បំផុត​នៃ​ប្រភេទ​របស់​វា ដូច​ជា​ ប្រភេទ ៤x៤ និង ៤x២ Hi-Rider ដែល​មាន​សមត្ថ​ភាព​ក្នុង​ការ​ឆ្លង​កាត់​ទឹក​មាន​កម្ពស់​រហូត​ដល់​ទៅ​៨០០​ មិលី្លម៉ែត្រ សូម្បី​តែ​នៅ​ពេល​ផ្ទុក​ទំនិញ ឬ​មនុស្ស​ពេញ​ក៏​ដោយ​។ វា​ក៏​មាន​សមត្ថ​ភាព​នៃ​ការ​ផ្ទុក​ទំនិញ​ដ៏​អស្ចារ្យ​ផង​ដែរ ដោយ​ផ្ទុក​បាន​ច្រើន​ជាង​១៤០០​គីឡូ​ក្រាម​នៅ​លើ​ប្រភេទ​រថយន្ត​៤x២ ក៏​ដូច​ជា​អាច​រក្សា​កម្ពស់​ផុត​ពី​ដី​ចំនួន​២៣៧​មីលី​ម៉ែត្រ (សម្រាប់​ប្រភេទ​រថ​យន្ត​៤x៤ និង 4x2 Hi-Rider)​»​។
លោក​បន្ត​ថា រថយន្ត​សេរី​ថ្មី Ford Ranger ត្រូវ​បាន​បំពាក់​ដោយ​កម្ម​វិធី​សុវត្ថិ​ភាព​អេឡិច​ត្រូនិក​ (ESP) ដោយ​ប្រើ​បច្ចេក​ទេស​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​នៅ​លើ​ផ្លូវ​ធ្វើ​ដំណើរ និង​អាច​ឲ្យ​អ្នក​បើកបរ​ដឹង​ពី​ប្រភេទ​ផ្លូវ​តាម​រយៈ​កង់​របស់​វា​។ កម្មវិធី​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​គ្រប់​គ្រង​សុវត្ថិ​ភាព​របស់​ Ford Ranger មាន​ដូច​ជា ការ​គ្រប់​គ្រង​ពេល​ចុះ​ជម្រាល​ ការ​ជួយ​នៅ​ពេល​ឡើង​ជម្រាល គ្រប់​គ្រង​ការ​ប្រែ​ប្រួល​ផ្សេង​ៗ ការ​បញ្ឈប់​ជា​បន្ទាន់(​ជួយ​បញ្ឈប់​ក្នុង​ករណី​បន្ទាន់) ភ្លើង​បន្ទាន់​(​វា​នឹង​បើក​ភ្លើង​បញ្ជាក់​ប្រាប់​រថយន្ត​ដទៃ​នៅ​ពេល​វា​ បង្អង់​ល្បឿន​លឿន​ពេក​) និង​កម្មវិធី​ជួយ​សម្រាល​ ឬ​បន្ធូរ​បន្ថយ​ក្នុង​ស្ថាន​ភាព​រអិល​។
ការ​បើក​បរ​ធ្វើ​តេស្ត​លើ​ចម្ងាយ​ផ្លូវ​១៤៥​គីឡូ​ម៉ែត្រ​របស់​អ្នក​សារព័ត៌​មាន
ដើម្បី​បញ្ជាក់​ពី​គុណ​ភាព​ដ៏​អស្ចារ្យ​ថ្មី​ ក្រុម​ហ៊ុន​រថយន្ត Ford បាន​អនុញ្ញាត​បណ្តា​អ្នក​សារព័ត៌​មាន​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជា​ ច្រើន​រូប​​ រួម​មាន​អ្នក​សារព័ត៌​មាន​កម្ពុជា​ម្នាក់​ផង​ដែរ បាន​បើក​បរ​ធ្វើ​តេស្ត​រថ​យន្ត​របស់​ខ្លួន​លើ​ចម្ងាយ​ផ្លូវ​១៤៥​គីឡូ​ ម៉ែត្រ។ ការ​ធ្វើ​តេស្ត​នេះ អ្នក​សារព័ត៌​មាន​ពីរ​រូប​ត្រូវ​បើក​បរ​រថយន្ត​មួយ​គ្រឿង​លើ​ទិស​ដៅ​ផ្លូវ​ ដែល​បាន​រៀប​ចំ​រួច​ជា​ស្រេច​។ ក្នុង​​នោះ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​បាន​បើក​បរ​លើ​ចម្ងាយ​ផ្លូវ​ដ៏​ វែង​ឆ្ងាយ​ដោយ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ ផ្លូវ​លំ ផ្លូវ​ភក់​ជ្រាំ ផ្លូវ​ចុះ​ជម្រាល ផ្លូវ​ឡើង​ជម្រាល ផ្លូវ​លិច​ទឹក ផ្លូវ​ភ្នំ និង​ផ្លូវ​ជា​ច្រើន​ទៀត​។
ក្នុង​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ដំណាក់​កាល​ដោយ​ប្រើ​ពេល​ជា​ច្រើន​ម៉ោង ក្រុម​អ្នក​សារព័ត៌​មាន​ទាំង​អស់ រួម​ជាមួយ​នឹង​អ្នក​បច្ចេក​ទេស​រថយន្ត​បាន​ធ្វើ​ការ​ផ្តោះ​ប្តូរ​យោបល់​គ្នា ​ថា រថយន្ត Ford ពិត​ជា​រថយន្ត​ម៉ាកPick Up ដ៏​ល្អ​បំផុត​របស់​ទីផ្សារ​ពិភព​លោក។ ការ​និយាយ​លើក​សរសើរ​នេះ ពួក​គេ​បាន​សំដៅ​ទៅ​លើ​ភាព​ធន់​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​បាន​លើ​គ្រប់​ស្ថាន​ ភាព​ផ្លូវ ការ​រចនា​ម៉ូដ​ថ្មី​ដ៏​ប្រណីត សន្ទុះ​កម្លាំង​ដ៏​អស្ចារ្យ និង​ប្រព័ន្ធ​សុវត្ថិភាព​ជាទី​ទុក​ចិត្ត​។ តែ​ស្រប​គ្នា​នោះ​ដែរ ក៏​មាន​សំណួរ​ចោទ​សួរ​ជា​ច្រើន​ពី​អ្នក​សារ​ព័ត៌​មាន​ជុំវិញ​ចំណុច​ទាំង​ឡាយ ​របស់​រថ​យន្ត​នោះ​ផង​ដែរ​។ ជាក់​ស្តែង​ដូច​ជា​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​លើក​ឡើង​ពី​ចម្ងល់​ថា ហេតុ​អ្វី​ Ford ស៊េរី​លេខ​ដៃ និង​លេខ​អូតូ (auto) ​មាន​លក្ខណៈ​លំនឹង​ខុស​គ្នា​នៅ​ពេល​បើក​បរ​?
លោក Baumbick កត់​សម្គាល់​ថា៖​«សមត្ថភាព​ដ៏​រឹង​មាំ​នៃ​រថយន្ត Ranger ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ផលិត​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​រថយន្ត​ប្រភេទ pickup នេះ​។ យើង​ចង់​ផ្តល់​ជូន​ដល់​អតិថិជន​នូវ​រថយន្ត​ដ៏​រឹង​មាំ​មួយ​ដែល​ពួក​គេ​អាច ​ពឹង​ពាក់​យ៉ាង​ពិត​ប្រាកដ​សូម្បី​តែ​នៅ​ក្នុង​កម្រិត​ទឹក​ខ្ពស់ ផ្លូវ​មាន​លក្ខណៈ​លំបាក​ខ្លាំង ឬ​ទៅ​ធ្វើ​ការ​។ រថ​យន្ត Ranger នឹង​ក្លាយ​ជា​ដៃ​គូ​យ៉ាង​ពិត​ប្រាកដ​មួយ​សម្រាប់​ពួក​គេ​នៅ​លើ​គ្រប់​ លក្ខខណ្ឌ​ទាំង​អស់​នៃ​ផ្លូវ​»៕ IS

 ប្រភព  Phnom Penh Post

0 comments:

Post a Comment