Tuesday, 13 December 2011

គង់ វិសាល ​ចូលរោង​ការ​​ដើម​ឆ្នាំ​2012 បញ្ចប់​​វិបត្តិ​​ចំណង​ស្នេហ៍​ចាស់


គង់ វិសាល ​ចូលរោង​ការ​​ដើម​ឆ្នាំ​2012 បញ្ចប់​​វិបត្តិ​​ចំណង​ស្នេហ៍​ចាស់

ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៨:៥៩

រាជធានីភ្នំពេញ ៖ ​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​​​នៃ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន ​គឺ​លោក​គង់ វិសាល ​បាន​សម្រេច​ចិត្ត​ចូ​លរោង​ការ​តាម​ប្រពៃណី ​នាដើម​ឆ្នាំ​២០១២ ​ខាងមុខ បន្ទាប់​ពី​បាន​ភ្ជាប់​ពាក្យ​ជា​មួយគូដណ្តឹង​​វ័យ​ក្មេង​​កាលពី​ពេល​ថ្មីៗ​ នេះ ។
លោក​គង់ វិសាល ​​និយាយថា ​អាពាហ៍​ពិពាហ៍​​របស់​លោក​នឹង​ប្រព្រឹត្ត​​​ទៅ​នៅ​ថ្ងៃទី​១៧ មករា ឆ្នាំ​២០១២ ​នៅ​ភោជនីយ​ដ្ឋាន​​វិមាន​ចរណៃ ​ដែល​រំពឹង​ថា នឹង​មាន​ការ​អញ្ជើញ​​ភ្ញៀវ​ចូល​រួម​ប្រមាណ​ជិត​១.០០​០​នាក់ ។ គូដណ្តឹង​​របស់​លោក​គឺជា​និស្សិត​​ផ្នែក​គណ​នេយ្យ​នៃ​សាកល​វិទ្យា​ល័យ ELT ហើយ​នាង​ទើប​តែ​មាន​អាយុ​ប្រមាណ​១៨​ឆ្នាំ​ប៉ុណ្ណោះ ។ ​តាម​ការ​បញ្ជាក់​របស់​លោក​គង់​ វិសាល ​ចំណង​ស្នេហ៍​​ថ្មី​នេះ គឺ​ទទួល​​បាន​ការ​យល់​ព្រម​ពី​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​​ទាំងសង​ខាង​ រួម​ទាំង​ការ​ស្មោះ​ស្ម័គ្រ​​ពី​សាមី​ខ្លួន​ទាំង​សង​ខាង​​ផង​ដែរ ។ ​លោក​រំពឹង​ថា ​អាពាហ៍​ពិពាហ៍​​របស់​លោក​នឹង​​មាន​ការ​ចូ​លរួម​​យា៉ង​ច្រើន​​ពីសិល្ប​ករ​ សិល្ប​ការិនី​ ព្រោះតាម​​​គម្រោងគឺ​លោក​នឹង​អញ្ជើញ​​ភ្ញៀវ​ភាគ​ច្រើន​​ជា​អ្នក​សិល្បៈ​​ដែល ​ធ្លាប់​​មាន​ទំនាក់​ទំនង​​ល្អ​ជា​មួយ​លោក​​កន្លង​មក ។
លោក​គង់ វិសាល ​ទើប​តែ​រៀប​ចំពិធី​​ភ្ជាប់​ពាក្យ​​ជា​មួយ​គូដណ្តឹង​​​កាលពី​​ថ្ងៃទី​១៧ ​វិច្ឆិកា ​ឆ្នាំ​២០១១ បន្ទាប់​ពី​ការ​បែក​បាក់​ជា​មួយ​កញ្ញា​ពេជ្រ ​សេរីរ័ត្ន មិន​ទាន់​​បាន​ប៉ុន្មាន​​ផង។ បញ្ហា​​នេះ​​ត្រូវ​​គេសន្និ​ដ្ឋាន​​ថា ប្រហែល​​ជា​លោក​គង់ វិសាល ​ចង់​យក​ចាញ់​ឈ្នះ​​ជា​មួយ​កញ្ញា​ពេជ្រ ​សេរីរ័ត្ន ​បាន​ជា​លោក​ត្រូវ​រៀបចំ​ពិធីភ្ជាប់​​ពាក្យ​យ៉ាង​ឆាប់​រហ័ស​​ដូច្នេះ​។ ប៉ុន្តែ​​​លោកគង់ វិសាល បដិសេធ​​ ហើយ​បញ្ជាក់ថា ​អាច​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ ព្រោះ​រវាង​លោក ​និង​កញ្ញា​ពេជ្រ ​សេរី​រ័ត្ន ​បាន​ចែក​​ផ្លូវ​គ្នា​រួច​ហើយ ​ហើយ​នាង​ក៏​មាន​​អ​្វីៗ​គ្រប់​បែប​​យា៉ង​សម្រាប់​​នាង​​ដែរ ។ ដោយ​ឡែក​​គូ​ដណ្តឹង​របស់​លោក​​វិញ គឺ​​សម្លឹង​​ឃើញ​លក្ខណ​សម្បត្តិ​​ ចរិយា​សម្បត្តិ​ ស័ក្តិ​សម​ជា​នារី​ខ្មែរ​​ និង​អាច​​ឱ្យ​លោក​យក​មក​ធ្វើ​ជាគូអនាគត​ ឬ​ភរិយា​​បាន​ ​ហើយ​អាច​​ថា ជា​ព្រហ្ម​​លិខិត​ក៏​ថា​បាន​ ទើប​បណ្តាល​ឱ្យ​​លោក​សម្រេច​ចិត្ត​ភ្លាមៗ​ក្នុង​ការ​ទទួល​យក​ចំណង​ស្នេហ៍​ ថ្មី​នេះ ។ ​​លោក​ថែមទាំង​ហ៊ាន​និយាយថា​ ចំណង​អាពាហ៍​ពិពាហ៍​​របស់​លោក​​មិន​អាច​មានអ្នក​ណា​មក​បំបែកបំ​បាក់​បាន​​ ឡើយ ហើយ​លោក​នឹង​ខិត​ខំ​​ថែ​រក្សា​​​ចំណង​ស្នេហ៍ជា​មួយ​ភរិយា​ជា​ចំណង​ស្នេហ៍​​ អមតៈ​។
ស្ថិត​ក្នុង​​វ័យ​ជាង​​៣០​ឆ្នាំ​ លោក​គង់​ វិសាល ​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​សិល្បៈក្នុង​ស្ថានីយ​ទូរទស្សន៍។ សិល្ប​ករ​ សិល្ប​​ការិ​នីភាគ​ច្រើន​​បាន​គាំ​ទ្រ និង​ទទួល​ស្គាល់​នូវ​ស្នា​ដៃ​​រៀប​ចំ​កម្ម​វិធី​​សិល្បៈ​របស់​លោក ​ហើយ​​លោក​ក៏​បានទទួល​ការ​​គោរ​ព​​រាប់​អាន និង​​មានទំនាក់​ទំង​​ល្អ​ជា​មួយ​អ្នក​ទាំង​អស់​នោះ​​​។ អ្វី​ដែលគួរ​ឱ្យកត់​សម្គាល់​នោះ​លោក​​គង់​ វិសាល ហាក់​ជួបរឿង​អភ័ព្វស្នេ​ហ៍​។ ​ទោះ​ជា​យា៉ងណា​ក្តី ​សិល្ប​ករ​ សិល្ប​ការិនី​ភាគ​ច្រើន​​​បាន​បញ្ចេញ​​យោ​បល់​ថា ​ចំណង​ស្នេហ៍​ចុង​ក្រោយ​ ដែល​គ្រោង​នឹង​ចូល​រោង​​ការ​នា​ពេល​ខាង​មុខ គឺ​ជា​ចំណង​ស្នេហ៍​​អមតៈ​រ​បស់​លោក​ដូច​អ្វី​​ដែល​លោក​គង់ វិសាល​ បាន​អះអាង​​នោះ​ ព្រោះ​គូស្នេហ៍​​នេះ​មិន​គ្រាន់តែ​មាន​រូប​សម្បត្តិ​​ស័ក្តិ​សម​គ្នា​​ ប៉ុណ្ណោះ​ទេ ​តែ​ទាំង​ចរិយា​សម្បត្តិ​​ អត្ត​ចរិត​ គឺ​ប្រហាក់​ប្រហែល​គ្នា​៕

ប្រភព  កោះសន្តិភាព

0 comments:

Post a Comment