Infiniti M35h ឯតទគ្គកម្មរថយន្តកូនកាត់លឿនបំផុត
យោងតាមវិទ្យាស្ថានកំណត់ត្រាពិភពលោក (World Records Academy) បានឲ្យដឹងថា រថយន្ត Infiniti M35h ស៊េរី២០១២ អាចស្ទុះបាន៤០០ម៉ែត្រក្នុងថិរវេលាមធ្យម ១៣,៩វិនាទី ដែលទទួលបានឯតទគ្គកម្មពិភពលោកថ្មីសម្រាប់រថយន្ដកូនកាត់លឿនបំផុត ។ វាបំពាក់ដោយម៉ាស៊ីន V6 ចំណុះ៣,៥លីត្រ កម្លាំង៣០២សេស ថាមពលរមួល ២៥៨ផោន-ហ្វីត ព្រមទាំងម៉ូទ័រអគ្គិសនីកម្លាំង៦៧សេស ថាមពល ១៩៩ផោន-ហ្វីត។
កំណត់ត្រាហ្គីនណេសពិភពលោក សម្រាប់រថយន្ដល្បឿនលឿនបំផុតដែលបំពាក់ដោយអាគុយស្ងួត គឺជារថយន្ដ Oxyride Racer ដែលមានល្បឿនមធ្យម ១០៥,៩៥គីឡូម៉ែត្រក្នុងមួយម៉ោង រីឯរថយន្ដលឿនបំផុតបំពាក់ដោយថាមពលជីវឧស្ម័នគឺមានល្បឿន ៣៦៤,៦គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅទីលានប្រណាំងរថយន្ត FIA European Drag Racing ក្នុងចក្រភពអង់គ្លេស ការីនិពន្ធទស្សនាវដ្ដីរថយន្ដលោក ធីម ផូឡាត (Tim Pollard) គឺជាអ្នកកាន់ដៃចង្កូតរថយន្ត Infiniti M35h ស៊េរីឆ្នាំ២០១២ ដែលបំបែកឯតទគ្គកម្ម ជារថយន្ដកូនកាត់ល្បឿនលឿនបំផុតក្នុងលោក។
ជាទូទៅរថយន្ដកូនកាត់ទាំងអស់ ទាញកម្លាំងរមួលរបស់ម៉ូទ័រ ដើម្បីរុញច្រានសន្ទុះទៅមុខមុនពេលចេញដំណើរ បន្ទាប់មកជាបន្ទុកកម្លាំងជំរុញរបស់ម៉ាស៊ីនសាំង។ នៅពេលដែលបើកបរល្បឿនយឺតៗជុំវិញទីក្រុង ម៉ាស៊ីនសាំងមិនត្រូវបានប្រើទេ។ Infiniti M35H ត្រូវបានមើលឃើញថា មានគូប្រជែងដ៏ខ្លាំងជាមួយនឹងរថយន្ដដទៃដូចជា BMW 5 Series និង Jaguar XF ជាដើម។
M35h មានសន្ទុះ៩៩,៧៥គីឡូម៉ែត្រក្នុងមួយម៉ោងថិរវេលា៥,៥វិនាទី និងល្បឿនកំពូល២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់ការបើកបរជាទូទៅ M35h ស៊ីសាំង១លីត្រលើចម្ងាយផ្លូវ១២,៣២ គីឡូម៉ែត្រ៕ HR
ប្រភព Phnom Penh Post
0 comments:
Post a Comment